ការធ្លាក់សតាមទ្វាមាសគឺជាបញ្ហាដែលជួបញឹកញាប់ជាងគេចំពោះស្ត្រី គេចែកការធ្លាក់សរបស់ស្ត្រីជា២ សណ្ឋាន គឺការធ្លាក់សធម្មតា និងការធ្លាក់សមានជំងឺដែលយើងធ្វើការកត់សំគាល់ដូចខាងក្រោម៖
1-ការធ្លាក់សធម្មតាការធ្លាក់សធម្មតារបៀបនេះគឺគេសង្កេតឃើញស្ដ្រីខ្លះមានការត្អូញត្អែរពីការធ្លាក់សតាមទ្វារមាសដោយមិនមានការលាយឡំជាមួយនឹងការរមាស់ ឬក្រហាយតាមប្រដាប់បន្តពូជរបស់ស្ត្រីឡើយ ហើយការធ្លាក់សនេះមានសភាពរាវ ថ្លាៗតាមទ្វារមាសដែល មានភាពជាទឹករំអិល ទឹកស្អិត។ ការធ្លាក់សធម្មតាប្រភេទនេះគឺអាចមាននៅពេលពាក់កណ្ដាលនៃវគ្គឈាមរដូវ ឬនៅពេលជិតមកឈាមរដូវ ឬនៅពេលប្រើថ្នាំពន្យារកំណើតដែលមានជាតិអ័រម៉ូន (ដូចជាថ្នាំគ្រាប់ និងថ្នាំចាក់ ជាដើម) ឬក៏អាចឃើញនៅពេលមានផ្ទៃពោះពេលមាត់ស្បូនព្រលាត់ផងដែរ។ 2-ការធ្លាក់សដែលមានជំងឺការធ្លាក់សដែលមានជំងឺរបៀបនេះគឺគេសង្កេតឃើញមានមូលហេតុញឹកញាប់ដែលបណ្តាលមកពីជំងឺជាច្រើនដូចជា៖
- ជំងឺផ្សិតដែលការធ្លាក់សគឺមានសភាពជាកកខាប់ ដុំៗ រមាស់ខ្លាំង ហើយស្ដ្រីអាចមានការឈឺចាប់ពេល រួមភេទ។
- ជំងឺទ្រីកូម៉ូណាស់ដែលការធ្លាក់មានសភាព ពពុះៗ មានធ្លាក់សច្រើនហើយមានក្លិនស្អុយ ហើយរមាស់ខ្លាំង
- ជំងឺបាក់តេរីទ្វារមាសដែលការធ្លាក់សនេះមានសភាពរាវស្មើសាច់ ហើយមានធំក្លិនឆ្អាបដូចត្រី
- ជំងឺប្រម៉េះទឹកបាយដែលការធ្លាក់សនេះមានសភាព ដូចខ្ទុះពណ៌លឿង អ្នកជំងឺនោមក្រហាយ នោមផ្សា នោមញឹក រាន់នោម អាចរមាស់ ឬអត់ ។ អ្នកខ្លះក៍មានការធ្លាក់សសភាពថ្លាៗដែរ។
- ជំងឺប្រម៉េះទឹកថ្លាដែលការធ្លាក់សនេះមានសភាពទឹកថ្លា អ្នកជំងឺនោមក្រហាយ នោមផ្សា នោមញឹក រាន់នោម អាចរមាស់ ឬអត់ ។
- ស្ត្រីខ្លះក៍អាចមានការធ្លាក់សដែរដោយសារកង្វះអនាម័យនៅប្រដាប់ភេទ ឬប្រើទឹកថ្នាំលូកលាងសំអាតទ្វារមាសញឹកញាប់ និងការប្រើថ្នាំផ្សះរយៈពេលយូរ។
3-វិធានការការពារកុំអោយកើតរោគធ្លាក់សវិធានការដែលសំខាន់និងចាំបាច់សំរាប់ការពារកុំឱ្យមានការធ្លាក់សដែលជាជំងឺនោះគឺអ្នក៖
- ត្រូវអនាម័យមុជទឹក សំអាតខ្លួនប្រាណជាមួយទឹក និងសាប៊ូធម្មតាជារៀងរាល់ថ្ងៃ
- មិនត្រូវលូកលាងប្រដាប់ភេទជាមួយនឹងទឹកថ្នាំឡើយ
- ត្រូវចៀសវាងការប្រើប្រាស់ផលិតផលឬម្សៅលូកលាងឬជូតសំអាតទ្វារមាសឡើយ
- ត្រូវលាងសំអាតប្រដាប់ភេទពីមុខទៅក្រោយនៅពេលបត់ជើងធំរួច
- ត្រូវចៀសវាងការមានដៃគូរួមភេទច្រើន
- ត្រូវប្រើស្រោមអនាម័យឱ្យបានជាប់ជានិច្ចជាមួយដៃគូរួមភេទផ្សេងទៀត
- ត្រូវមានដៃគូរួមភេទស្មោះត្រង់មួយទល់នឹងមួយ
- លាងសំអាតតំបន់ប្រដាប់ភេទអោយស្អាតបន្ទាប់ពីរួមភេទរួច។