ដើម្បីចោទប្រកាន់ជនណាម្នាក់ប្រព្រឹត្តបទល្មើស នីតិព្រហ្មទណ្ឌខ្មែរបានតម្រុវឲ្យបំពេញធាតុផ្សំចំនួន ៣ (បី) គឺ៖
ធាតុសត្យានុម័ត ឬហៅថា ធាតុសម្ភារៈ សំដៅលើអំពើដែលជនល្មើសបានប្រព្រឹត្តបទល្មើសស្តែងចេញមកខាងក្រៅតាមរយៈអំពើបង្កគ្រោះថ្នាក់ដល់សង្គម បច្ច័យគ្រោះថ្នាក់ដល់សង្គម (ការអន្តរាយ) ដោយមានទំនាក់ទំនងហេតុផលរវាងអំពើ និងបច្ច័យដែលកើតមានដោយសារតែអំពើនោះ។ អំពើបង្កគ្រោះថ្នាក់ដល់សង្គម គឺជាសកម្មភាពជាក់ស្តែង ឬ កាយវិការជាក់ស្តែងរបស់មនុស្ស ដែលបានស្តែងចេញមកបង្កឲ្យមានការអន្តរាយ ឬ គម្រាមបង្កឲ្យអន្តរាយដល់ទំនាក់ទំនងសង្គម ដែលច្បាប់ព្រហ្មទណ្ឌបានការពារ។ អំពើនោះ គឺជាកាយវិការ សម្តែងចេញមកខាងក្រៅដែលអាចមើលឃើញរបស់មនុស្សក្រោមរូបភាពជាក់ស្តែង ដើម្បីសម្រេចនូវគោលបំណងដែលមានគោលដៅនឹងសេចក្តីប៉ងប្រាថ្នា ឬសង្ឃឹមចង់បាន។ គោលដៅដែលជនល្មើសប៉ងប្រាថ្នាចង់បាន អាចជាការរំលោភបំពានលើបុគ្គល ទ្រព្យសម្បត្តិ ឬសង្គមជាតិ។ បច្ច័យ ឬការអន្តរាយ អាចកើតមានឡើងបាន លុះត្រាតែជាអំពើប្រព្រឹត្តរបស់ជននោះ ដើម្បីសម្រេចគោលដៅ ឬប៉ងប្រាថ្នាសម្រេចគោលដៅរបស់ខ្លួន។ កាលណាមានតែបច្ច័យកើតឡើង ប៉ុន្តែគ្មានអំពើណាមួយបង្កើតបច្ច័យទេនោះ វាមិនមែនជាបច្ច័យដែលត្រូវឲ្យជនណាម្នាក់ទទួលខុសត្រូព្រហ្មទណ្ឌឡើយ។ ឧទាហរណ៍៖ ឡានមួយបានបែកកញ្ចក់មុខនៅពេលចតមុខផ្ទះ។ ប៉ុន្តែអំពើដែលនាំឲ្យបែកកញ្ចក់មុខនេះ គ្មាននណារម្នាក់បានធ្វើនោះទេ គឺ កញ្ចក់បែកដោយសារតែទុក្រោមពន្លឺថ្ងៃក្តៅខ្លាំង។ ហេតុនេះ ការណ៍មានតែបច្ច័យកើតឡើងនេះ មិនបានបំពេញឲ្យមានទំនាក់ទំនងហេតុផល និងបច្ច័យ ជាធាតុសត្យានុម័តឡើយ។
ធាតុអត្តនោម័ត គឺជាផ្នែកខាងក្នុងនៃបទល្មើស ដែលផ្ទុយទៅនឹងធាតុសត្យានុម័តដែលជាផ្នែកខាងក្រៅនៃបទល្មើស។ ធាតុអត្តនោម័ត ជាកិរិយាផ្លូវចិត្តរបស់ជនល្មើសចំពោះអំពើបង្កគ្រោះថ្នាក់ដល់សង្គមដែលគេបានប្រព្រឹត្ត និងចំពោះបច្ច័យដែលកើតឡើងពីអំពើនោះ។ ធាតុអត្តនោម័ត មានកត្តារួចផ្សំចំនួន ០៣ (បី) គឺ កំហុសចេតនា ឬអចេតនា គំនិតផ្តួតផ្តើមប្រព្រឹត្តបទល្មើស និង គោលដៅនៃការប្រព្រឹត្តបទល្មើស។ យើងមិនអាចមើលធាតុអត្តនោម័តឃើញនឹងភ្នែកទៅខាងក្នុងរបស់ជនល្មើសនោះទេ ប៉ុន្តែយើងអាចមើលឃើញនូវធាតុអត្តនោម័ត បានតាមរយៈធាតុសត្យានុម័តដែលជនល្មើសបានប្រព្រឹត្ត។ ទោះបីកំហុសដែលបានប្រព្រឹត្តកើតចេញពីចេតនា ឬអចេតនា កាលណាធាតុនីត្យានុកូលបានបញ្ញត្តិជាបទល្មើស ជនល្មើសនឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ។ គំនិតផ្តួចផ្តើមប្រព្រឹត្តបទល្មើស សំដៅដល់ស្ថានភាពដែលជនល្មើសមានស្មារតីគ្រប់គ្រាន់ក្នុងការប្រព្រឹត្តបទល្មើសជាសត្យានុម័តដែលជម្រុញដោយកត្តាខាងក្នុងនៃចិត្ត មានន័យថា កត្តាខាងក្នុងនៃចិត្តរបស់ជនល្មើស បានជម្រុញឲ្យកត្តាខាងក្រៅជាសត្យានុម័តប្រព្រឹត្តបទល្មើស ដើម្បីសម្រេចបាននូវគោលដៅប្រព្រឹត្តបទល្មើសដែលខ្លួនចង់បាន។ គោលដៅប្រព្រឹត្តបទល្មើស សំដៅលើស្ថានភាពដែលជនល្មើសប្រាថ្នាចង់ប្រព្រឹត្តបទល្មើសទៅលើកម្មវត្ថុនៃបទល្មើស។ កម្មវត្ថុនៃបទល្មើស មានដូចជា៖ ការរំលោភបំពានលើបុគ្គល ទ្រព្យសម្បត្តិ និងសង្គមជាតិ។
ធាតុនីត្យានុកូល សំដៅលើបញ្ញត្តិច្បាប់ជាធរមាន ដែលចាត់ទុកថាអំពើណាមួយជាបទល្មើស និងច្បាប់កំណត់ឲ្យអំពើនោះត្រូវផ្តន្ទាទោសតាមច្បាប់។ ធាតុនីត្យានុកូលនៃបទល្មើស និងធាតុនីត្យានុកូលនៃទោស ត្រូវតែ មានបញ្ញត្តិក្នុងច្បាប់ជាធរមាន។ ធាតុនីត្យានុកូលនៃបទល្មើស ជាអំពើណាមួយដែលច្បាប់បញ្ញត្តិថាបទល្មើស។
រីឯធាតុនីត្យានុកូលនៃទោស ជាទោសដែលច្បាប់តម្រូវឲ្យផ្តន្ទាទោសលើអំពើជាបទល្មើសនោះ។ ធាតុនីត្យានុកូលនៃបទល្មើស និងធាតុនីត្យានុកូលនៃទោស ត្រូវតែមានចែងក្នុងច្បាប់ជាធរមាន។ កាលណាមានតែធាតុនីត្យានុកូលនៃបទល្មើស ប៉ុន្តែគ្មានធាតុនីត្យានុកូលនៃទោស តុលាការក៏មិនអាចសម្រេចផ្តន្ទាទោសបានដែរ។ ឧទាហរណ៍៖ មាត្រា ៧ កថាខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានចែងថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”។ មាត្រានេះ មិនបានបញ្ញត្តិអំពីនីត្យានុកូលនៃទោសទេ ហេតុនេះតុលាការមិនអាចសម្រេចផ្តន្ទាទោស លើនរណាដែលបានរំលោភបំពានព្រះមហាក្សត្រនោះទេ គឺមានតែនីត្យានុកូលនៃបទល្មើសតែប៉ុណ្ណោះ។
ឧទាហរណ៍៖ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ “ក” និង “ខ” បានព្រមព្រៀងគ្នារៀបចំគម្រោងសម្លាប់ “គ” នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានសម្លាប់ “គ” ដោយសារតែការសម្លាប់របស់ “ក” និង “ខ” តាមគម្រោងបានព្រៀងទុក។
មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ បានចែងថា “ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការ ពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើ រូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈ ដើម្បីប្រព្រឹត្ដអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ”
យើងអាចទាញបាន ធាតុនីត្យានុកូល “មាត្រា ២០០ បទឃាតកម្មគិតទុកជាមុន និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត” ធាតុសត្យានុម័ត “អំពើសម្លាប់ ខ តាមការព្រៀងទុក” និង ធាតុអត្តនោម័ត “ចេតនាសម្លាប់”។ ហេតុនេះ ក និង ខ ត្រូវបានរងការចោទប្រកាន់ពី “បទឃាតកម្មគិតទុកជាមុន”។
ពាក្យទាក់ទង
ច្បាប់